ដំណាក់កាលទី១(១៩៩៧-២០០២)
ដំណាក់កាលទី២(២០០២-២០០៧)
ដំណាក់កាលទី៣(២០០៧-២០១២)
គម្រោងជំនួយផ្នែកព្រហ្មទណ្ឌ និងយុត្តិធម៌នៅកម្ពុជា (CCAJ) បានបង្កើតឡើង និងរៀបចំចាត់ចែងក្រោមជំនួយរបស់ប្រទេស អូស្ត្រាលី តាមរយៈការពិគ្រោះយោបល់ជាមួយរាជរដ្ឋាភិបាលកម្ពុជារវាងឆ្នាំ ១៩៩៤ និងឆ្នាំ ១៩៩៦។
CCJP-ដំណាក់កាលទី១: ខែ មេសា ១៩៩៧ - ខែ មិនា ២០០២
គម្រោងក្នុងដំណាក់កាលទី១ គឺជាកម្មវិធីជំនួយបច្ចេកទេសជួយដល់ស្ថាប័ននគរបាលយុត្តិធម៌ តុលាការ និងពន្ធនាគារ។ គោលបំណងសំខាន់របស់គម្រោងគឺ ធ្វើការលើកកំពស់ស្ថានភាពសិទ្ធិមនុស្ស ស្ថាប័ន ការងារគ្រប់គ្រង និងប្រតិបត្តិការ ដែលស្ថិត នៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់កម្ពុជាអោយកាន់តែល្អប្រសើរ។ ទីប្រឹក្សាអូស្ត្រាលីរយៈពេលវែងចំនួន ១០រូប និងទីប្រឹក្សា រយៈពេលខ្លីមួយចំនួនទៀត បានអនុវត្តការងាររបស់គម្រោងនៅទីក្រុងភ្នំពេញ ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត និង ពន្ធនាគារព្រៃស។ សមិទ្ធិផលដែលសំរេចបានរួមមាន ក្បួននីតិវិធីប្រតិបត្តិការនគរបាលយុត្តិធម៌ សៀវភៅក្បួននីតិវិធីតុលាការ ក្បួននីតិវិធី ពន្ធនាគារ ឯកសារផ្លូវការនានា និងកម្មវិធីបណ្តុះបណ្តាល និងការអនុវត្តការងារដោយផ្ទាល់ សំរាប់ស្ថាប័នដែលពាក់ពន្ធ័ទាំងអស់ ដែលមានដូចជា កម្មវិធីបណ្តុះបណ្តាលជំនាញស៊ើបអង្កេតសំរាប់នគរបាលយុត្តិធម៌ កម្មវិធីបណ្តុះបណ្តាលសំរាប់ចៅក្រម និងក្រឡា បញ្ជី និងកម្មវិធីបណ្តុះបណ្តាលសំរាប់មន្ត្រីពន្ធនាគារ និងមន្ត្រីពន្ធនាគារផ្នែកសុខភាព។ ដើម្បីអនុវត្ត និងប្រើប្រាស់ក្បួននីតិវិធី ទាំងអស់នោះបាន គម្រោងបានឧបត្ថម្ភគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍សម្ភារៈផ្សេងៗ រួមមានៈ
សាងសង់អាគារនគរបាលយុត្តិធម៌ចំនួនពីរកន្លែង (នៅខេត្តកំពត និងខេត្តកំពង់ស្ពឺ) អាគារថ្មីមួយសំរាប់តុលាការខេត្តកំពង់ឆ្នាំង និងជួសជុលកែលំអអាគារពន្ធនាគារចំនួនប្រាំកន្លែងគឺ ពន្ធនាគារព្រៃស ពន្ធនាគារខេត្តកំពត កំពង់ស្ពឺ កំពង់ចាម និងពន្ធនាការខេត្ត កំពង់ឆ្នាំង។ ការងារជួសជុលកំរិតតូចក៏បានផ្តល់ផងដែរសំរាប់មណ្ឌលបណ្តុះបណ្តាលនគរបាលខេត្តកណ្តាល ជួសជុលអាគារ នគរបាល និងតុលាការនៅខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម។ គម្រោងបានផ្តល់ជូនឧបករណ៍សម្ភារៈដូចជា រថយន្តចំនួន ២១ គ្រឿង ម៉ូតូចំនួន២៤គ្រឿង វិទ្យុទាក់ទង គ្រឿងសង្ហារឹមការិយាល័យ កុំព្យូទ័រ ម៉ាស៊ីនថតចំលង សម្ភារៈការិយាល័យ និងសម្ភារៈ ផ្សេងៗទៀត៘ គម្រោងបានផ្តល់ជាសម្ភារៈពេទ្យ និងមូលនិធិសំរាប់រៀបចំវគ្គបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈដល់ពន្ធនាគារ ចំនួន៥។
រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់មូលនិធិសំរាប់គម្រោងសរុបគឺ ១២.៥លានដុល្លាអូស្ត្រាលី។
CCJAP - ដំណាក់កាលទី២: ខែ ឧសភា ២០០២ - ខែ ឧសភា ២០០៧
គម្រោងក្នុងដំណាក់កាលទី២ បានបញ្ចប់បន្ទាប់ពីការគាំទ្រអស់រយៈពេលប្រាំឆ្នាំ ចាប់ពីខែ ឧសភា ឆ្នាំ ២០០២ ដល់ខែ ឧសភា ឆ្នាំ ២០០៧។ ក្នុងដំណាក់កាលទី២ គម្រោងបានផ្តោតលើការងារទប់ស្កាត់បទល្មើស និងសុវត្ថិភាពសហគមន៍ ការលើក កំពស់សមត្ថភាពស៊ើបអង្កេតរបស់នគរបាលនិងតុលការ ដោយមានរៀបចំបង្កើតក្បួននីតិវីធីតុលាការ យុត្តិធម៌អនីតិជន និងការ ការពារជនរងគ្រោះ រៀបចំបង្កើតប្រព័ន្ធគ្រប់គ្រង អប់រំកែប្រែរបស់ពន្ធនាគារ ផែនការយុទ្ធសាស្ត្រ និងដំណើរការរៀបចំថវិកា ដើម្បីឆ្លើយតបដល់កម្មវិធីស្តានីតិសម្បទា និងបញ្ហាសុខភាពអ្នកទោស និងគាំទ្រវគ្គបណ្តុះបណ្តាលជំនាញស៊ើបអង្កេតសំរាប់ នគរបាលយុត្តិធម៌។ ការងារផ្តោតជាសំខាន់គឺនៅថ្នាក់ជាតិ នៅក្នុងក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ និងថ្នាក់ខេត្តគឺនៅខេត្ត កណ្តាល។ ក្រុមការងារគម្រោងមានទីប្រឹក្សាអូស្ត្រាលីរយៈពេលវែងចំនួន ៦រូប បុគ្គលិកជាតិចំនួន១២រូប និងការគាំទ្រពីបុគ្គលិក រយៈពេលខ្លីមួយចំនួនទៀត។ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍សម្ភារៈត្រូវបានឧបត្ថម្ភគាំទ្រដើម្បីអនុវត្តការងារមានដូចជាៈ សំណង់អាគារ ថ្មីសំរាប់តុលាការ និងពន្ធនាគារ ព្រមទាំងជួសជុលអាគារព្រះរាជអាជ្ញានៅក្នុងតុលាការខេត្តកណ្តាល។ ធ្វើការកែ លំអប៉ុស្តិ៍សុខភាពនៅមណ្ឌលអប់រំកែប្រែទី១ និង២ ហើយព្រមទាំងតម្លើងប្រព័ន្ធប្រមូលស្តុកទឹកភ្លៀងដោយមានការសហការ ជាមួយគណៈកម្មាការកាកបាទក្រហមអន្តរជាតិ។ ឧបករណ៍សម្ភារៈផ្តល់ជូនរួមមាន រថយន្ត៥គ្រឿង សំរាប់នគរបាល តុលាការ និងពន្ធនាគារ សង្ហារឹមសំរាប់បំពាក់នៅអាគារថ្មីរបស់តុលាការ និងពន្ធនាគារ។ ជំនួយរបស់ប្រទេសដាណឺម៉ាកបានជួយដល់ការទិញ បំពាក់គ្រឿងសង្ហារឹមនៅតុលាការខេត្តកណ្តាល សរុបថវិកាចំនួន ៥០,១០៤ដុល្លា និងបានផ្តល់ជាសម្ភារៈពេទ្យ និងមូលនិធិសំរាប់ វគ្គបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈសំរាប់ទណ្ឌិត។
រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់មូលនិធិសំរាប់ដំណាក់កាលទី២ចំនួនសរុបគឺ ១៨លានដុល្លាអូស្ត្រាលី។
CCJAP - ដំណាក់កាលទី៣: ខែ កុម្ភៈ ២០០៧ - ខែ កុម្ភៈ ២០១២
គម្រោងក្នុងដំណាក់កាលទី៣ បានចាប់ផ្តើមនៅថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០០៧ ដោយមានរយៈពេល៥ខែសំរាប់ ការរៀបចំ។ គម្រោងបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនបានពេញលេញគឺចាប់ពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០០៧។ ក្នុងការបន្ត កសាងសមិទ្ធិផលដែលសំរេចបាននៅក្នុងដំណាក់កាលទី១ និងទី២ នៅក្នុងដំណាក់កាលទី៣នេះនឹងបន្តជួយគាំទ្រដល់ការអភិវឌ្ឍន៍ តាមរយៈការផ្តល់សេវាតាមស្ថាប័ននគរបាល តុលាការ និងពន្ធនាគារ មិនតែប៉ុណ្ណោះគម្រោងបានពង្រីកវិសាលភាពតួនាទីរបស់ ខ្លួនទាំងទីតាំងភូមិសាស្ត្រ ក្នុងន័យចាប់ផ្តើមការងារផ្សារភ្ជាប់ការផ្តល់សេវាច្បាប់ និងប្រព័ន្ធយុត្តិធម៌អោយកាន់តែមានប្រសិទ្ធិភាព ដើម្បីឆ្លើយតបតាមតម្រូវការរបស់សហគមន៍។
យុត្តិធម៌អនីតិជន ស្ត្រី និងក្រុមជនងាយរងគ្រោះ ព្រមជាមួយនឹងការប្រឆាំងអំពើពុករលួយ គឺជាវិស័យដែលត្រូវផ្តោត ជាសំខាន់របស់គម្រោងក្នុងដំណាក់កាលនេះ។
ដំណាក់កាលទី៣នេះ គាំទ្រយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និង យុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។ គម្រោងបន្តការអនុវត្តពីដំណាក់កាលមុនៗ ហើយសកម្មភាពផ្តោតជាសំខាន់ ទៅលើៈ ការពង្រឹងស្ថាប័ន និងបណ្តុះបណ្តាលសមត្ថភាពនគរបាលជាតិកម្ពុជា អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងយុត្តិធម៌ និង តុលាការ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។
ផ្នែកទី១: គាំទ្រកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាអនុវត្តកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គម្រោងបានជួយក្នុងការលើកកំពស់ សមត្ថភាពរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្នុងការសម្របសម្រួលជាមួយអ្នក ពាក់ព័ន្ធ និងការគ្រប់គ្រង និងតាមដានពិនិត្យដំណើរការកំណែទម្រង់។ បានផ្សព្វផ្សាយផែនការរួមសំរាប់ស្ថាប័នក្នុងវិស័យ យុត្តិធម៌ ដោយមានការរៀបចំ និងដាក់អោយប្រើនូវ មគ្គុទេសក៏ធ្វើផែនការតាមវិស័យសំរាប់ស្ថាប័នក្នុងវិស័យយុត្តិធម៌។ សកម្មភាពនានាធ្វើឡើងសំដៅលើកកំពស់អោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ចំពោះគោលការណ៍នៃ ប្រសិទ្ធិភាពជំនួយ និងដើម្បីបង្កើនការចូលរួមអោយកាន់តែច្រើនក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
ផ្នែកទី២: ការងារទប់ស្កាត់បទល្មើស និងរក្សាសុវត្ថិភាពសហគមន៍
គម្រោងកំពុងបាននឹងពង្រឹងការចូលរួមរបស់សហគមន៍នៅក្នុងការរៀបចំចាត់អាទិភាពវិភាជន៍ថវិកា និងការអនុវត្ត សកម្មភាពទប់ស្កាត់បទល្មើស និងរក្សាសុវត្ថិភាពសហគមន៍(ទ.ប.ស.ស) ដែលជាកិច្ចសហការរវាងរដ្ឋាភិបាល និងសហគមន៍ ដោយមានខេត្តចំនួន០៦ជាដៃគូរបស់គម្រោង រួមមានៈ ខេត្តកណ្តាល ព្រៃវែង បាត់ដំបង កំពង់ធំ បន្ទាយមានជ័យ និង ខេត្តកំពង់ចាម។ សកម្មភាពនេះមានការផ្តោតយ៉ាងច្បាស់លាស់ទៅលើនិរន្តរភាពនៃសកម្មភាព ទ.ប.ស.ស ដែលបានបង្កើត និង ការលើកកំពស់សុវត្ថិភាពសហគមន៍នៅក្នុងស្រុកគោលដៅដែលគម្រោងបានប្រើវិធីសាស្ត្រចូលរួមចំណែក ពាក់ព័ន្ធដូចជាៈ ថ្នាក់ ក្រោមជាតិ នគរបាល ការសហការរវាងរាជរដ្ឋាភិបាលជាមួយនិងសហគមន៍ ដើម្បីគ្រប់គ្រងនិងអនុវត្តសកម្មភាព ទ.ប.ស.ស ( អាទិភាពសំរាប់ស្ត្រី កុមារ យុវជន និងក្រុមជនងាយរងគ្រោះផ្សេងៗទៀត) ហើយធ្វើការចាត់អាទិភាពទៅតាម ម៉ាទ្រិច សកម្មភាពអាទិភាពរបស់ស្រុក ។ គម្រោង CCJAP ផ្តល់មូលនិធិជាប្រចាំឆ្នាំប្រហែលជា ៥០០,០០០ដុល្លា សំរាប់គាំទ្រសកម្មភាព ទាំងនេះ។ លើសពីនេះទៅទៀត សកម្មភាព ទ.ប.ស.ស ចំនួន ៣០០ សកម្មភាព ត្រូវបានផ្តល់មូលនិធិគាំទ្រ និងបានអនុវត្ត។ នគរបាលជាតិក៏បានផ្តល់ការគាំទ្រយ៉ាងល្អផងដែរដល់សកម្មភាព ទ.ប.ស.ស។ សកម្មភាពទាំងឡាយរបស់គំរោង ទ.ប.ស.ស ត្រូវ បានដាក់អោយស្របជាមួយបរិបទ និងវប្បធម៌របស់សហគន៍នីមួយៗ ហើយបច្ចុប្បន្នសកម្មភាពទាំងនេះបានពង្រីកភូមិសាស្ត្រ នៅក្នុងស្រុកចំនួន១៥ (នឹងកំពុងបន្តពង្រីក)នៅក្នុងខេត្តទាំងឡាយដែលជាដៃគូ។
ផ្នែកទី៣: នគរបាលជាតិ
សកម្មភាពរបស់នគរបាលជាតិកម្ពុជារួមមានការអភិវឌ្ឍន៍ និងបង្កើតផែនការយុទ្ធសាស្ត្រនគរបាលជាតិ ផែនការការងារ និងប្រព័ន្ធវាស់ស្ទង់ការអនុវត្តការងារ ដើម្បីគ្រប់គ្រងការអនុវត្តកំណែទម្រង់ប្រកបដោយលទ្ធផលជាផ្លែផ្កា ការអភិវឌ្ឍន៍ សមត្ថភាពនគរបាលផ្នែកកោសល្យវិច្ច័យដើម្បីកាត់បន្ថយការពឹងផ្អែកលើភស្តុតាងដែលពុំមានភាពច្បាស់លាស់ និងដើម្បីបង្កើន ភាពជឿជាក់របស់សហគន៍ទៅលើនគរបាល ការរៀបចំបង្កើតជាច្បាប់នគរបាលក្នុងគោលបំណងរៀបចំរចនាសម្ព័ន្ធអង្គភាព លើក កំពស់តម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់សេវា ការបង្កើតក្រុមការងារយេនឌ័រ សកម្មភាពបញ្ជ្រាបយេនឌ័រ និងបង្កើនការ យល់ដឹងពីយេនឌ័រ ដើម្បីលើកកំពស់ស្ថានភាពរបស់ស្ត្រីនៅក្នុងអង្គភាព និងសហគមន៍។
អាទិភាពសំខាន់មួយរបស់យុទ្ធសាស្ត្រនគរបាលជាតិ គឺការអភិវឌ្ឍន៍ និងអនុវត្តយុទ្ធសាស្ត្រនគរបាលសហគមន៍ និង ទប់ស្កាត់បទល្មើស នគរបាលសហគមន៍គំរូសំរាប់ប៉ុស្តិ៍គរបាលនៅថ្នាក់ក្រោមជាតិនៅក្នុងខេត្តទាំង៦ដែលជា ខេត្តដៃគូរបស់ គម្រោង និងប្រព័ន្ធ វាស់ស្ទង់ការអនុវត្តការងារ ដើម្បីជួយដល់ការវិភាគពីនិន្នាការបទល្មើសនិងរៀបចំបង្កើតជាគោលនយោបាយ ផ្សេងៗ និងការពង្រីកយុទ្ធសាស្ត្រនគរបាលសហគមន៍ និងការទប់ស្កាត់បទល្មើសនៅទូទាំងប្រទេស។ សកម្មភាពអាទិភាពទាំង នេះកំពុងបាននឹងអនុវត្តតាមរយៈសកម្មភាពរបស់គម្រោងដោយខិតខំផ្តោតលើការគាំទ្រផ្នែកបណ្តុះបណ្តាល លើកកំពស់ការយល់ ដឹងផ្នែកហិរញ្ញវត្ថុនិង បច្ចេកទេសដើម្បីបង្កើត និងពង្រឹងគោលការណ៍សំរាប់នគរបាលសហគមន៍ ព្រមទាំងយុទ្ធសាស្ត្រនានា ដោយផ្លាស់ប្តូរការគិត និងកិច្ច ខិតខំប្រឹងប្រែងរបស់នគរបាលឆ្ពោះទៅការងារនគរបាលដែលផ្តោតលើសហគមន៍ក្នុងភាពជាដៃគូរ ជាមួយសហគមន៍។
ផ្នែកទី៤: ក្រសួងយុត្តិធម៌ និង តុលាការ
មានការផ្តោតជាខ្លាំងលើការផ្តល់ជំនួយការបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពក្រសួងយុត្តិធម៌ក្នុងការគាំទ្រដល់តុលាការ យ៉ាងមានប្រសិទ្ធិភាពក្នុងការឆ្លើយតបដល់ភាពទទួលបានយុត្តិធម៌ប្រកបដោយសមធម៌ និងទាន់ពេលវេលា។ ជាពិសេសគម្រោង បានជួយក្រសួងយុត្តិធម៌បង្កើតជាផែនការយុទ្ធសាស្ត្រ និងលើកកំពស់ការគ្រប់គ្រងធនធាននៅផ្ទៃក្នុងរបស់ខ្លួន។ វិស័យដែលផ្តោត ជាសំខាន់នៅក្នុងផ្នែកនេះមានដូចជា បញ្ហាតុលាការ និងយុត្តិធម៌ជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សមត្ថភាពថ្នាក់ដឹកនាំ គម្រោង សាកល្បងសំរាប់តុលាការគំរូ (មានការគាំទ្រពី ដានីដា ផងដែរ) ដំណើរការតុលាការមានលក្ខណៈកាន់តែល្អប្រសើរការលើក កំពស់ប្រពន្ធ័ និងដំណើរការរបស់សាលាឧទ្ធរណ៍ ព្រមទាំងការផ្សព្វផ្សាយព័ត៌មានច្បាប់។
ផ្នែកទី៥: សេវាអប់រំកែប្រែអ្នកទោស
គម្រោងក៏បានផ្តល់ការគាំទ្របច្ចេកទេសទៅដល់អគ្គនាយកដ្ឋានពន្ធនាគារផងដែរ ក្នុងផ្នែកសុខភាពពន្ធនាគារ និងការងារ គ្រប់គ្រងពន្ធនាគារ ដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋាន ដែលអាចធ្វើការកំណត់ និងឆ្លើយតប ដល់អាទិភាពនានាក្នុងការគ្រប់គ្រងពន្ធនាគារ តម្រូវការនានាផ្នែកសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់ទណ្ឌិត ព្រមទាំងអាចធ្វើការ កំណត់ និងអនុវត្តជម្រើសនានាសំរាប់កំណែទម្រង់ពន្ធនាគារ និងគាំទ្រដល់សេចក្តីព្រាងច្បាប់ថ្មីស្តីពីច្បាប់ពន្ធនាគារ។ វិស័យដែល ផ្តោតជាសំខាន់នៅក្នុងផ្នែកនេះរួមមាន បញ្ហាអប់រំកែប្រែជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សមត្ថភាពថ្នាក់ដឹកនាំ សុខភាពអ្នកទោស កម្មវិធីស្តានីតិសម្បទា និងកំណែទម្រង់ពន្ធនាគារ។ សមិទ្ធិផលមួយចំនួននៅក្នុងផ្នែកនេះមានការអនុវត្តផែនការសកម្មភាពដើម្បី ជំរុញដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីពន្ធនាគារ និងព្រះរាជក្រឹត្យស្តីពីល័ក្ខខ័ណ្ឌដោយឡែកសំរាប់មន្ត្រីអនុរក្សពន្ធនាគារ និងបន្តផែនការសកម្មភាពយេនឌ័រតាមរយៈក្រុមការងារយេនឌ័រ រៀបចំបង្កើតផែនការយុទ្ធសាស្ត្រ និងសិក្សាកំណត់ទំហំការងារ សាងសង់ជាមួយការសាកល្បងប្រើប្រាស់កំលាំងពលកម្មអ្នកទោសសំរាប់ការងារសាងសង់ពន្ធនាគារ ដែលការងារនេះបានបង្ហាញពី ភាពជោគជ័យយ៉ាងខ្លាំង។
គម្រោងបានផ្តល់ការគាំទ្របន្ថែមទៀតក្នុងការអនុវត្តសេវាសុខភាពអ្នកទោស ដែលប៉ុស្តិ៍សុខភាពពន្ធនាគារក្នុងពេល បច្ចុប្បន្ននេះបានបំពាក់ទៅតាមបទដ្ឋានអប្បបរមាដែលបានកំណត់ដោយក្រសួងសុខាភិបាល។ អ្វីដែលបានបញ្ជាក់គឺជាទំនាក់ទំនង ការងារយ៉ាងល្អដែលបានធ្វើឡើងរវាងអង្គការមិនមែនរដ្ឋាភិបាល ជាមួយនឹងអគ្គនាយកដ្ឋានពន្ធនាគារក្នុងការធ្វើកាន់តែប្រសើរ ឡើងថែមទៀតនូវកម្មវិធីសមាហរណកម្ម និងស្តានីតិសម្បទានៅក្នុងពន្ធនាគារ។ កម្មវិធីទាំងអស់នេះមិនត្រឹមតែបានបង្ហាញ ពីប្រយោជន៍ដល់ទណ្ឌិតប៉ុណ្ណោះទេ វាក៏បង្ហាញពីផលប្រយោជន៍សំរាប់មន្ត្រីពន្ធនាគារ នគរបាល និងព្រះរាជអាជ្ញា ដោយកម្មវិធី នេះផ្តល់ជាឱកាសអោយមានការចូលរួមក្នុងកម្មវិធីយល់ដឹងពីសហគមន៍។ កម្មវិធីស្តានីតិសម្បទាសំរាប់ស្ត្រីជាអ្នកទោសភាគច្រើន គឺគាំទ្រតាមរយៈអង្គការមិនមែនរដ្ឋាភិបាលដែលទទួលបានមូលនិធិពីមូលនិធិបត់បែន។
ផ្នែកទី៦: ការងារគ្រប់គ្រងគម្រោង
មូលនិធិបត់បែនត្រូវបានបង្កើតឡើង និងប្រើប្រាស់សំរាប់ផ្តល់មូលនិធិគាំទ្រដល់សកម្មភាពអាទិភាពនានាដែលកើតមាន ហើយសកម្មភាពទាំងនេះមានទាក់ទងដោយផ្ទាល់ដល់ការសំរេចនូវគោលដៅរបស់គម្រោង។ មូលនិធិបត់បែននេះមានមូលនិធិ មួយផ្នែកសំរាប់គាំទ្រការងារសាងសង់ខ្នាតតូចនិងមធ្យម ដែលបានបង្ហាញពីភាពប៉ះពាល់ដល់សុខភាពអ្នកទោស យុត្តិធម៌អនីតិជន និងក្រុមជនងាយរងគ្រោះផ្សេងៗទៀត។ មូលនិធិបត់បែនត្រូវបានរៀបចំឡើងដើម្បីអាចទទួលយកមូលនិធិពីរដ្ឋាភិបាល ដាណឺម៉ាក ដែលគាំទ្រដល់សកម្មភាពតុលាការគំរូ។ ផ្ទុយទៅវិញ មូលនិធិបត់បែនក៏ត្រូវបានប្រើប្រាស់ជាយន្តការមួយសំរាប់ផ្តល់ ជាមូលនិធិទៅដល់ភ្នាក់ងារផ្សេងៗ ទាំងក្នុងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល ដែលអនុវត្តសកម្មភាពគាំទ្រដោយផ្ទាល់ទៅដល់ គោលដៅរបស់គម្រោង។ មកដល់បច្ចុប្បន្ននេះ មូលនិធិប្រហែលជា ៣លានដុល្លា ត្រូវបានវិភាជន៍សំរាប់ការងារសាងសង់របស់ នគរបាល តុលាការ និងពន្ធនាគារ ៤លានដុល្លាទៀតសំរាប់សកម្មភាពក្រៅពីការងារសាងសង់ និង៥០០,០០០ដុល្លាសំរាប់ អង្គការមិនមែនរដ្ឋាភិបាល។
គម្រោង CCJAP ដំណាក់កាលទី៣ រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់មូលនិធិសរុបចំនួន ៣០លានដុល្លាអូស្ត្រាលី។
|