
កម្មវិធីបណ្តុះបណ្តាលមានរយៈពេល១០ថ្ងៃស្តីពីការសង្គ្រោះបន្ទាន់ និង វះកាត់តូច បានចាប់ផ្តើមនៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែសីហា ឆ្នាំ២០០៨ នៅសាលាបណ្តុះបណ្តាលព្រៃសរ ក្រោមការឧបត្ថមពីគំរោង CCJAP។ គណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមាន ឯកឧត្តម
សំកុល សុខន អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ លោកស្រី
Cheryl Clay ទីប្រឹក្សាផ្នែកអប់រំកែប្រែនៃគំរោងCCJAP និងលោកវេជ្ជបណ្ឌិត
អៀម សុផល នាយករងសាលាបចេ្ចកទេសថែទាំវេជ្ជសាស្ត្រភ្នំពេញ។
សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងពីរនេះមានចំនួន ៥០នាក់ ដោយក្នុងនោះមានស្ត្រីចំនួន១៧នាក់ ដែលជាបុគ្គលិកផ្នែកសុខភាពមកពីពន្ធនាគារទូទាំងប្រទេសកម្ពុជា។ គ្រូបង្គោលសំរាប់វគ្គបណ្តុះបណ្តាលនេះជាវេជ្ជបណ្ឌិតមកពីសាលាបចេ្ចកទេសថែទាំវេជ្ជសាស្ត្រភ្នំពេញ។ វគ្គបណ្តុះបណ្តាលសង្គ្រោះបន្ទាន់ នឹងបង្ហាត់បង្ហាញដល់សិក្ខកាមពីរបៀបឆ្លើយតបទៅនឹងរបួសធ្ងន់ធ្ងរ ដូចជា បាក់ឆ្អឹង គាំងបេះដូង និងពុលដោយសារសារធាតុគីមីផ្សេងៗ។ ការវះកាត់តូចនឹងបង្ហាញពី ការរុំរបួស ដេរភ្ជិតមុខរបួស និងរុំដំបៅ។
តួនាទីសំខាន់របស់បុគ្គលិកសុខភាពពន្ធនាគារគឺត្រូវឆ្លើយតបប្រកបដោយប្រសិទ្ធិភាពចំពោះអ្នកទោស ដែលតំរូវអោយមានការព្យាបាល និងសង្គ្រោះបន្ទាន់។ គោលដៅក្នុងការព្យាបាលបន្ទាន់នេះគឺដើម្បីជួយសង្គ្រោះអាយុជីវិត ចៀសផុតពីភាពពិការ ការពារពីរបួសធ្ងន់ធ្ងរ និងជួយសំរាលការឈឺចុកចាប់។
ក្នុងពេលបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម
សំកុល សុខន បានលើកទឹកចិត្តអោយសិក្ខាកាមទាំងអស់ អោយយកចិត្តទុកដាក់រៀនសូត្រ និងយកចំណេះដឹងដែលរៀនសូត្របាននេះទៅបំរើការងារនៅក្នុង ពន្ធនាគាររបស់ខ្លួនអោយបានប្រយោជន៍ជាអតិបរមា។ នៅចុងបញ្ចប់ ឯកឧត្តម
សំកុល សុខន ថ្លែងអំណរគុណដល់គំរោងCCJAP ដែលបានជួយឧបត្ថមរហូតមកដល់ពេលនេះ។ ការឧបត្ថមរបស់គំរោង CCJAP បានធ្វើអោយអគ្គនាយកដ្ឋានពន្ធនាគារអាចបន្តលើកកំពស់ជំនាញរបស់មន្ត្រីសុខភាពពន្ធនាគារ។