|
|
ដំណឹងផ្សេងៗ
Back to List News
កិច្ចប្រជុំលើកទី៣នៃក្រុមប្រឹក្សាភិបាលជាតិគ្រប់គ្រងគំរោង |
កិច្ចប្រជុំលើកទី៣របស់ក្រុមប្រឹក្សាភិបាលជាតិគ្រប់គ្រងគំរោងនៃគំរោងជំនួយផ្នែកព្រហ្មទណ្ឌនិងយុត្តិធម៌នៅកម្ពុជា ដំណាក់កាលទី៣ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ នៅសណ្ឋាគារ Inter Continental ដោយមានការចូលរួមពីសំណាក់សមាជិកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលជាតិគ្រប់គ្រងគំរោង សមាជិកពីគ្រោះយោបល់ សមាជិកលេខាធិការដ្ឋាន តំណាងដៃគូអភិវឌ្ឍន៍មកពីខាង AusAID និង DANIDA និងតំណាងមកពីប៉ូលីសសហព័ន្ធអូស្ត្រាលី។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលជាតិគ្រប់គ្រងគំរោង។ ក្រុមប្រឹក្សាភិបាលជាតិគ្រប់គ្រងគំរោងជួបប្រជុំ២ដងក្នុង ១ឆ្នាំដើម្បីធ្វើការត្រួតពិនិត្យលើដំណើរការវិវត្តន៍របស់គំរោង និងពិចារណាលើសកម្មភាពនិងធនធានសំរាប់អនុវត្តន៍គំរោងនាពេលខាងមុខ។
អង្គប្រជុំបានធ្វើការណែនាំអោយស្គាល់លេខាទី១របស់ AusAID ដែលទើបមកថ្មីគឺលោកស្រី Arthi Patel។ លោកស្រីនឹងធ្វើការបន្តពីកញ្ញា Katherine Mitchell ដែលត្រូវបានចាត់តាំងទៅបំពេញការងារ ផ្នែកផ្សេងទៀត។ ដំណើរការវិវត្តន៍របស់គំរោងដែលចាប់ផ្តើមតាំងពីខែកក្កដា ឆ្នាំ២០០៧ ត្រូវបានលើកយកមកបង្ហាញដល់សមាជិកអង្គប្រជុំ។ សកម្មភាពសំខាន់ៗដែលបានអនុវត្តន៍ក្នុងរយៈពេល១២ខែកន្លងមកនេះ រួមមានការបន្តអភិវឌ្ឍន៍ភាពជាដៃគូដ៏រឹងមាំរវាងបុគ្គលិកគំរោង CCJAP ជាមួយនិងសមភាគីតាម ស្ថាប័នពាក់ព័ន្ធដូចជា នគរបាល ពន្ធនាគារ តុលាការ និងអង្គភាពគ្រប់គ្រងគំរោងនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ការងារសំខាន់ៗ ផ្តោតផងដែរលើការបង្កើតបណ្តាញទំនាក់ទំនងជាមួយខេត្តកណ្តាល បាត់ដំបង ព្រៃវែង បន្ទាយមានជ័យ និងកំពង់ធំ សំរាប់រៀបចំការពង្រីកសកម្មភាពរបស់គំរោងទៅខេត្ត ទាំងនោះនៅក្នុងឆ្នាំ២០០៨ និង ឆ្នាំ២០០៩។
ការងារដែលគួរអោយកត់សំគាល់របស់គំរោងគឺជួយដល់នគរបាលជាតិកម្ពុជាក្នុងការអភិវឌ្ឍន៍ផែនការ យុទ្ធសាស្ត្រ។ ទស្សនៈវិស័យ បេសកកម្ម និងគោលការណ៍ ដែលមាននៅក្នុងផែនការយុទ្ធសាស្ត្រ ត្រូវបានអនុម័ត ហើយទស្សនៈវិស័យ បេសកកម្ម និងគោលការណ៍នេះ គេអាចឃើញនៅច្រកចូលនៃអគារថ្មីរបស់អគ្គស្នងការនគរបាលជាតិដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម។ គំរោងបានសហការណ៍ជាមួយនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រដើម្បីរៀបចំផ្តល់វគ្គបណ្តុះបណ្តាលរួមមាន ទំនើបកម្មសំភារៈសំរាប់ស្រាវជ្រាវពិនិត្យកន្លែងកើតហេតុ និងកសាងសមត្ថភាពជំនាញស៊ើប អង្កេតបទល្មើសផ្លូវភេទ។
ការបន្តអភិវឌ្ឍន៍ក្នុងវិស័យតុលាការកម្ពុជានៅតែជាសកម្មភាពចំបងសំរាប់គំរោង CCJAP ដោយបន្តពង្រីកទស្សនាទានតុលាការគំរូទៅបណ្តាខេត្តផ្សេងទៀត ដោយបានចាប់ផ្តើមអនុវត្តដំបូងនៅក្នុងខេត្ត កណ្តាលកាលពីឆ្នាំ២០០៣។ ការអភិវឌ្ឍន៍វិស័យតុលាការគំរូគឺដើម្បីធានាអោយមានលក្ខណៈទុកចិត្តពីអ្នកប្រើប្រាស់សេវាយុត្តិធម៌ មានប្រព័ន្ធរៀបចំរឿងក្តីសំរាប់ជំនុំជម្រះនិងការគ្រប់គ្រងសំណុំរឿងអោយបានត្រឹមត្រូវ តែការផ្តោតជាសំខាន់ជាងនេះទៅទៀតគឺបង្កើននូវការទទួលបានសេវាយុត្តិធម៌រួមទាំងការរៀបចំប្លង់អគារតុលាការ និងការគ្រប់គ្រងរដ្ឋបាល។
គំរោងCCJAP មានការគាំទ្រយ៉ាងខ្លាំងលើកម្មវិធីកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធនាគារនាពេលបច្ចុប្បន្ននេះ តាមរយៈការផ្តល់ជំនួយការបចេ្ចកទេស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ គំរោងផ្តោតជាសំខាន់ដល់ការងារពាក់ព័ន្ធនិងសុខភាពអ្នកទោស ដោយមានផ្តល់ជាវគ្គបណ្តុះបណ្តាលចំនួន២វគ្គ ដើម្បីគាំទ្រដល់ការពង្រីកប៉ុស្ត៍សុខភាពរបស់អគ្គនាយកដ្ឋានពន្ធនាគារ។
អង្គប្រជុំបានធ្វើការបង្ហាញទៅដល់សមាជិកទាំងអស់ពីផែនការការងារប្រចាំឆ្នាំសំរាប់ឆ្នាំ ២០០៨ និង ២០០៩។ សកម្មភាពសំខាន់នៃផែនការការងារប្រចាំឆ្នាំគឺការពង្រីកសកម្មភាពរបស់គំរោងទៅខេត្ត ចំនួន៤គឺ ខេត្តបាត់ដំបង ព្រៃវែង បន្ទាយមានជ័យ និងកំពង់ធំ។
នៅក្នុងឆ្នាំ២០០៨ និងឆ្នាំ២០០៩ គំរោងCCJAP នឹងធ្វើសមាហរណកម្មសកម្មភាពទប់ស្កាត់បទល្មើស និងរក្សាសុវត្ថិភាពសហគមន៍ទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្ត និងផែនការវិនិយោគអភិវឌ្ឍន៍ ឃុំនៅក្នុងផ្នែកយេនឌ័រនិងសន្តិសុខ។ ការធ្វើសមាហរណកម្មនេះនឹងរួមបញ្ចូលការគាំទ្រដើម្បីពង្រឹង គណៈកម្មាធិការឃុំទទួលបន្ទុកស្ត្រីនិងកុមារ និងដើម្បីអភិវឌ្ឍន៍សកម្មភាពអោយស្របជាមួយនឹងគោលការណ៍ប្រជាការពារ។
គំរោងបន្តជំរុញនិងគាំទ្រដល់ការអភិវឌ្ឍន៍នូវប្រព័ន្ធរបស់រដ្ឋាភិបាល ដែលធ្វើអោយគំរោងអាចបញ្ចូល ការគ្រប់គ្រងនិងប្រតិបត្តិការរបស់ខ្លួនទៅក្នុងប្រព័ន្ធនោះបាន។ គំរោងនឹងបន្តប្តូរពីតួនាទីជាអ្នកផ្តល់ការគាំទ្រទៅជាតួនាទីសម្របសម្រួល។
|
|
| |
|
|
Copyright by Global Justice Solutions (Asia) Pty Ltd. |
|
|