|
កាលពីព្រឹកថ្ងៃពុធ ទី១៩ ខែមិនា ឆ្នាំ២០០៨
សមាជិកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលជាតិគ្រប់គ្រងគម្រោង ព្រមទាំងតំណាងមកពីទីភ្នាក់ងារអូស្ត្រាលីដើម្បីអភិវឌ្ឍន៍អន្តរជាតិ
(AusAID) បានចូលរួមក្នុងកិច្ចប្រជុំដែលរៀចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា
ដើម្បីធ្វើការពិចារណាលើគោលដៅយុទ្ធសាស្ត្រ សំរាប់ផែនការប្រចាំឆ្នាំ ២០០៨-២០០៩
របស់គម្រោងជំនួយផ្នែកព្រហ្មទណ្ឌនិងយុត្តិធម៌នៅកម្ពុជាដំណាក់កាលទី៣។ កិច្ចប្រជុំបានធ្វើការពិនិត្យ
ពិចារណា ដើម្បីអោយប្រាកដថាផែនការប្រចាំឆ្នាំនេះ គឺមានភាពស្របគ្នាជាមួយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ
និងយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីព្រាងផែនការប្រចាំឆ្នាំ ២០០៨-២០០៩ បានរៀបចំឡើងដោយប្រើប្រាស់លទ្ធផលដែលចេញពីសិក្ខាសាលាដែលធ្វើឡើងជាមួយសមភាគីសំខាន់ៗរបស់គម្រោង
CCJAP III កាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០០៨។ អង្គប្រជុំនេះដឹកនាំដោយឯកឧត្តម
ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលជាតិគ្រប់គ្រងគម្រោង។
ក្នុងឱកាសនោះផងដែរ លោក អាឡេន ម៉ាកខេ
នាយកបច្ចេកទេសគម្រោងCCJAP III និងលោក ឡារីប្រោដ ប្រធានក្រុមអូស្ត្រាលីរបស់គម្រោង
CCJAP III បានធ្វើកំណត់បង្ហាញរបាយការណ៍ស្តីពីការវិវត្តន៍នៃការអនុវត្តន៍ផែនការប្រចាំឆ្នាំសំរាប់ឆ្នាំកន្លងមក
គឺឆ្នាំ២០០៧-២០០៨។ ជាពិសេស អង្គប្រជុំក៏បានធ្វើការពិចារណាលើនីតិវិធីថ្មីសំរាប់មូលនិធិបត់បែន
ដើម្បីអោយដំណើរការគ្រប់គ្រងមូលនិធិបត់បែនមានលក្ខណៈងាយស្រួល។ បន្ទាប់ពីបានពិនិត្យពិភាក្សារួចមក
អង្គប្រជុំបានសំរេចអនុម័តលើ សេចក្តីព្រាងផែនការប្រចាំឆ្នាំ ២០០៨-២០០៩ និងនីតិវិធីថ្មីសំរាប់មូលនិធិបត់បែន។
ដោយទទួលបានការឯកភាពលើផែនការប្រចាំឆ្នាំ
២០០៨-២០០៩ ពីសមាជិកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាភិបាលជាតិគ្រប់គ្រងគម្រោង
រួចមក គម្រោងCCJAP III បានធ្វើសិក្ខាសាលាដែលមានរយៈពេលកន្លះថ្ងៃ នៅថ្ងៃទី២៥
ខែមិនា ឆ្នាំ២០០៨ នៅសណ្ឋាគារសាន់វ៉េ ជាមួយអង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដែលជាដៃគូរ។
អង្គការមិនមែនរដ្ឋាភិបាល/ដៃគូរអភិវឌ្ឍន៍ សរុបចំនួន២៤ ដែលធ្វើការងារផ្នែកយុត្តិធម៌ព្រហ្មទណ្ឌ
ត្រូវបានអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ ដូចជា៖ ADHOC គម្រោងតំបន់អាស៊ីទប់ស្កាត់ការជួញដូរមនុស្ស
អង្គការបន្ទាយស្រី ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មូលនិធិកុមារ ដំរីស្រាវជ្រាវនិងផ្តល់ប្រឹក្សា
វិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម អង្គការយ៉េនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ភ្នាក់ងារអភិវឌ្ឍន៍ស្ត្រីអន្តរជាតិ អង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា
LICADHO គ្រូពេទ្យគ្មានព្រំដែន(បារាំង) អង្គការមិត្តសំឡាញ់ អង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារ
អង្គការសង្គ្រោះកុមារអូស្ត្រាលី អង្គការសេវាសង្គមកិច្ចកម្ពុជា មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម
កម្មវិធីជំងឺអេដស៍របស់អង្គការសហប្រជាជាតិ យូនីសេហ្វ ការិយាល័យអង្គការសហប្រជាជាតិសំរាប់ត្រួតពិនិត្យគ្រឿងញៀននិងបទឧក្រិដ្ឋ
មណ្ឌលព័ត៌មានស្ត្រីកម្ពុជា អង្គការទស្សនៈពិភពលោក និងអង្គការសុខភាពពិភពលោក។
ក្នុងឱកាសនោះលោក អាឡេន ម៉ាកខេ មានប្រសាសន៍ថា
គោលបំណងនៃសិក្ខាសាលាថ្ងៃនេះ គឺដើម្បីធ្វើការកំណត់ពីគំនិតរួមនិងឱកាសសំរាប់កិច្ចសហការណ៍នៅក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ
សំរាប់ឆ្នាំ២០០៨-២០០៩។ សិក្ខាសាលានេះផងដែរបានបង្ហាញពីឱកាសដ៏ល្អប្រសើរមួយដើម្បីបង្កើតទំនាក់ទំនងអោយកាន់តែល្អជាមួយដៃគូរសង្គមស៊ីវិល
និងបង្កើតជាបណ្តាញអោយកាន់តែទូលំទូលាយសំរាប់គម្រោងCCJAP III។ ក្នុងពេលទន្ទឹមគ្នានេះ
លោកឧត្តមសេនីយ៍ នួន បូផល ប្រធានក្រុមពិគ្រោះយោបល់នៃក្រុមប្រឹក្សាភិបាលជាតិគ្រប់គ្រងគម្រោង
បានសង្ខេបពីសកម្មភាពការងាររបស់គម្រោងដែលបានអនុវត្តន៍ក្នុងឆ្នាំ២០០៧-២០០៨។
លោកឧត្តមសេនីយ៍ នួន បូផល មានប្រសាសន៍បន្ថែមទៀតថាគម្រោងនឹងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា
និងដៃគូរពាក់ព័ន្ធផ្សេងៗទៀត ដើម្បីទទួលបាននូវបទដ្ឋានយុត្តិធម៌ស្មើភាពគ្នា
ដោយផ្តោតជាពិសេសលើតម្រូវការរបស់អនីតិជន និងក្រុមជនងាយរង គ្រោះផ្សេងទៀត។
ពេលបន្ទាប់មកខាងអង្គការសេវាសង្គមកិច្ចកម្ពុជាបានធ្វើកំណត់បង្ហាញពីកម្មវិធីជួយជនរងគ្រោះដោយការរំលោភផ្លូវភេទ
ដែលអនុវត្តន៍នៅក្នុងខេត្តកណ្តាល ហើយកម្មវិធីនេះទទួលបានការគាំទ្រមូលនិធិពីមូលនិធិបត់បែនរបស់គម្រោងCCJAP
III។ បន្ទាប់ពីបញ្ចប់ការកំណត់បង្ហាញរបស់អង្គការសេវាសង្គមកិច្ចកម្ពុជា
ខាងអង្គការយូនីសេហ្វបានធ្វើកំណត់បង្ហាញពីសេចក្តីព្រាងច្បាប់យុត្តិធម៌អនីតិជន
និងកិច្ចសហការណ៍របស់ខ្លួនជាមួយគម្រោងCCJAP III ក្នុងការរៀបចំច្បាប់ថ្មីនេះ។
នៅពេលបិទអង្គសិក្ខាសាលា លោក អាឡេន
ម៉ាកខេ មានប្រសាសន៍ថា នេះគឺជាសិក្ខាសាលាមួយដ៏មានសារៈសំខាន់ដែលជួយដល់ការផ្សព្វផ្សាយផែនការប្រចាំឆ្នាំ២០០៨-២០០៩របស់គម្រោងទៅដល់គូរពាក់ព័ន្ធ។
|