|
អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃបានបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួន
មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៤-៥ ខែកុម្ភះ ឆ្នាំ២០០៨។ អង្គសន្និបាតនេះមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដោយបានឯកឧត្តម
ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចូលរួមជាអធិបតីក្នុងពិធីបិទ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ចូលរួមជាអធិបតីភាពក្នុងពិធីបើក
ព្រមទាំងមានមតិស្វាគមន៍ដល់សមាជិក សមាជិកា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិនៃអង្គសន្និបាតទាំងមូល។
សមាជិកអង្គសន្និបាតដែលបានចូលរួមមាន ឯកឧត្តមអភិបាលរងខេត្ត ក្រុង ទទួលបន្ទុកពន្ធនាគារ
មន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់នៃអគ្គនាយកដ្ឋាន ពន្ធនាគារ ប្រធានពន្ធនាគារខេត្ត
ក្រុង ប្រធានមណ្ឌលអប់រំកែប្រែថ្នាក់ជាតិ និងបណ្តាក្រសួង ស្ថាប័នមកពីក្រសួងសុខាភិបាល
ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងស្តារយុវនីតិសម្បទា ក្រសួងយុត្តិធម៌ តុលាការភ្នំពេញ
មជ្ឍមណ្ឌលជាតិកំចាត់ជំងឺរបេងនិងហង់សិន មជ្ឍមណ្ឌលជាតិប្រយុទ្ធនិងជំងឺអេដស៍
កាមរោគនិងសើស្បែក គណៈកម្មាធិការសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គ្រោះកុមារអូស្ត្រាលី
អង្គការយូនីសេហ្វ អង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា អង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារ
គម្រោងជំនួយផ្នែកព្រហ្មទណ្ឌនិងយុត្តិធម៌នៅកម្ពុជា អង្គការកាកបាទក្រហមអន្តរជាតិ
ដែលសរុបមានចំនួន២០២នាក់។
នៅថ្ងៃទី១ សមាជិកនិងសមាជិកា នៃអង្គសន្និបាតទាំងអស់
បានធ្វើការពិភាក្សាផ្តោតទៅលើលទ្ធផលការងារដែលបានអនុវត្តរយៈពេល១២ខែកន្លងមក
ហើយសមិទ្ធិផលទាំងនេះបានបង្ហាញអោយឃើញថាអគ្គនាយកដ្ឋាននៅតែបន្តរីកចំរើន
និងបង្ហាញពិចំណុចនៃការផ្លាស់ប្តូរទស្សនៈវិស័យពីការឃុំឃាំងអោយទៅជាការស្តារនីតិសម្បទា។
នៅថ្ងៃទី២ សមាជិកនិងសមាជិកានៃអង្គសន្និបាតទាំងអស់
បានធ្វើការពិភាក្សាផ្តោតទៅលើទិសដៅបន្តសំរាប់ឆ្នាំ២០០៨ ដោយរួមបញ្ចូលនូវបញ្ហាចំបងៗពីរ
គឺទិសដៅអភិវឌ្ឍន៍ធនធានមនុស្ស និងក្របខណ្ឌគោលនយោបាយកំណែទម្រង់ពន្ធនាគារ ហើយឯកសារទាំងនេះ
ត្រូវបានដាក់ជូនអង្គសន្និបាតធ្វើការពិភាក្សារិះរកវិធិសាស្ត្រដោះស្រាយថ្មីៗដើម្បីជួយដល់ការអភិវឌ្ឍន៍ធនធានមនុស្ស
តាមរយៈការវិភាគនិងវាយតំលៃលើតម្រូវការបណ្តុះបណ្តាលសំរាប់ការអនុវត្តការងារ
ការធ្វើផែនការ ការរៀបចំផែនការថវិកាសំរាប់ការងារគ្រប់គ្រងពន្ធនាគារ។ ក្របខណ្ឌគោលនយោបាយកំណែទម្រង់ពន្ធនាគារនេះ
គឺជាឯកសារនាំផ្លូវមូយដើម្បីស្វែងរកដំណោះស្រាយដល់ការងារអប់រំកែប្រែ និងការស្តារនីតិសម្បទា
តាមរយៈការផ្តល់កម្មវិធីសិក្សាអប់រំ អភិវឌ្ឍន៍បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
និងបំពេញការងារនៅក្នុងឧស្សាហកម្ម និងកសិកម្មពន្ធនាគារ។
|