|
|
ដំណឹងផ្សេងៗ
Back to List News
សិក្ខសាលាស្តីពីការរៀបចំផែនការប្រចាំឆ្នាំ ២០០៨-២០០៩ |
ផែនការប្រចាំឆ្នាំ២០០៧-២០០៨ ដែលជាផែនការប្រចាំឆ្នាំលើកដំបូងរបស់គម្រោង CCJAP III ត្រូវបានចាប់ផ្តើមអនុវត្តនៅ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៧ ដោយមានការអនុម័តពីប្រធានក្រុមប្រឹក្សាភិបាលជាតិគ្រប់គ្រងគម្រោង កាលពីខែមេសា ឆ្នាំ២០០៧ ក្នុងកិច្ចប្រជុំដែលរៀបចំនៅក្រុងព្រះស៊ីហនុ។
សិក្ខាសាលាមួយត្រូវបានរៀបចំឡើងជាមួយសមភាគី កាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០០៨ នៅសណ្ឋាគារ អ៊ីមផឺរៀល ដើម្បីរៀបចំផែនការប្រចាំឆ្នាំ២០០៨-២០០៩។ សិក្ខាសាលានេះដឹកនាំដោយលោកឧត្តមសេនីយ៍ នួន បូផល ប្រធានក្រុមពិគ្រោះយោបល់របស់ក្រុមប្រឹក្សាភិបាលជាតិគ្រប់គ្រងគម្រោង និងលោក អាឡេន ម៉ាកខេ (Alan McCagh) នាយកបចេ្ចកទេសគម្រោង។ សិក្ខាកាមផ្សេងៗទៀតរួមមាន ក្រុមការងារគម្រោងCCJAP ក្រុមប្រឹក្សាពិគ្រោះយោបល់ផ្នែកយុត្តិធម៌ព្រហ្មទណ្ឌ (CCJAG) តំណាងAusAID និងជនបង្គោលរបស់គម្រោងដែលមកពីខាងនគរបាល តុលាការ ពន្ធនាគារ អង្គភាពគ្រប់គ្រងគម្រោង និងខេត្តកណ្តាល។
សិក្ខាកាមត្រូវបានបែងចែកជា៦ក្រុម ដោយមានសមាជិកមកពីផ្នែកផ្សេងៗគ្នាដើម្បីជួយអោយការពិភាក្សាកាន់តែទូលំទូលាយ។ ចុងក្រោយនៃអង្គសិក្ខាសាលា ក្រុមការងាររបស់ផ្នែកនីមួយៗបានធ្វើការពិភាក្សាជាមួយសមភាគីរបស់ខ្លួនដើម្បី កំនត់ពីសកម្មភាពក្នុងពេលបច្ចុប្បន្ននិងរកគំនិតថ្មីៗផ្សេងទៀតសំរាប់យកមកដាក់នៅក្នុងផែនការប្រចាំឆ្នាំ ២០០៨-២០០៩។ ផងដែរអង្គសិក្ខាសាលាបានពិភាក្សា និងពិចារណាលើសមាហរណកម្មនូវគោលដៅជាអន្តរវិស័យរបស់គម្រោង ដូចជា៖ យុត្តិធម៌អនីតិជន ក្រុមជនងាយរងគ្រោះ ក្រមសីលធម៌និងអភិបាលកិច្ច យ៉េនឌ័រ និងបញ្ហាជំងឺអេដស៍។
នៅពេលបញ្ចប់សិក្ខាសាលា លោកឧត្តមសេនីយ៍ នួន បូផល បានប្រកាសថា លេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលជាតិគ្រប់ គ្រងគម្រោងនឹងយកលទ្ធផលដែលបានពីសិក្ខាសាលា ថ្ងៃនេះទៅរៀបចំបង្កើតជាសេចក្តីព្រាងផែនការប្រចាំឆ្នាំ ២០០៨-២០០៩ រួចហើយយកទៅដាក់ជូនប្រធានក្រុមប្រឹក្សភិបាលជាតិគ្រប់គ្រងគម្រោងដើម្បីអនុលោមភាព និងអនុម័ត។ ទន្ទឹមនេះផងដែរលោកបានពាំនាំប្រសាសន៍របស់ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមប្រឹក្សាភិបាលជាតិគ្រប់គ្រងគម្រោង និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយឯកឧត្តមសំណូមពរអោយសមាជិកទាំងអស់រក្សាឆន្ទៈចូលរួមអនុវត្តសកម្មភាពបន្ត របស់គម្រោង។
|
|
| |
|
|
Copyright by Global Justice Solutions (Asia) Pty Ltd. |
|
|